គ្រាន់​តែ​ក្រូច​ឆ្មារ​តូច​មួយ​មាន​ប្រយោជន៍​ដល់​សុខភាព​ម្ល៉ឹង​ផង?

  • 2018-01-18 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃើញ​ក្រូចឆ្មារ​តូច​កុំ​មើល​ងាយ​វា​ណា! ក្រូចឆ្មារ​មាន​ប្រយោជន៍​ណាស់​ មិន​ថា​ខាង​សម្រស់​ឬ​ក៏​ខាង​សុខភាព​ក្នុង​រាង​កាយ​យើង​នោះ​ទេ។

១. ជួយ​ដល់​ការ​រំលាយ​អាហារ

ទឹក​ក្រូច​ឆ្មារ​ជួយ​ព្យាបាល​បញ្ហា​ទាក់​ទង​នឹង​ការ​រំលាយ​អាហារ​និង​ការ​ទល់​លាមក​ផង​ដែរ។ គ្រាន់​តែ​បន្ថែម​ដំណក់​ទឹក​ក្រូចឆ្មារ​មួយ​ចំនួន​ទៅ​ក្នុង​ម្ហូប​របស់​អ្នក​ (សូម​កុំ​លាយ​ជាមួយ​ទឹកដោះគោ​ព្រោះ​វា​មិន​ដំណើរ​ការ​ល្អ​ជាមួយ​នឹង​ទឹកដោះគោ​នោះ​ទេ) ហើយ​វា​នឹង​ជួយ​ក្នុង​ការ​រំលាយអាហារ។ ក្រូចឆ្មារ​ដើរ​តួនាទី​ជា​អ្នក​សំអាត​ឈាម។ រូបមន្ត​នេះ​គឺ​ទឹក​ក្រូចឆ្មារ, ទឹក​ត្រជាក់, ទឹក​សូដា, អំបិល (អំបិល​ធម្មតា​ឬ​អំបិល​គ្រោះ) និង​ស្ករ​ឬ​ទឹកឃ្មុំ​ដើម្បី​ឲ្យ​មាន​រសជាតិ​ផ្អែម។ អ្នក​អាច​ផឹក​វា​នៅ​ពេល​ណា​ដែល​អ្នក​បរិភោគ​អាហារ​ច្រើន។

២. ជួយ​ព្យាបាល​គ្រុន​ក្តៅ

ទឹក​ក្រូច​ឆ្មារ​អាច​ជួយ​ព្យាបាល​អ្នក​ដែល​គ្រុនផ្ដាសាយ​ឬ​គ្រុនក្ដៅ។ វា​ជួយ​កាត់​បន្ថយ​ជំងឺ​គ្រុន​ដោយ​ធ្វើ​ឲ្យ​អ្នក​មាន​ការ​បែក​ញើស។

៣. ជួយ​ថែទាំ​ធ្មេញ

ក្រូចឆ្មារ​ក៏​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់​ក្នុង​ការ​ថែទាំ​ធ្មេញ​ផង​ដែរ។ ប្រសិន​បើ​អ្នក​យក​ទឹក​ក្រូចឆ្មារ​ស្រស់​មក​​លាប​នៅ​លើ​ធ្មេញ​ដែល​ឈឺ វា​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​បាន។ ការ​ស្រូប​យក​ជាតិ​ទឹក​ក្រូចឆ្មារ​លើ​អញ្ចាញ​ធ្មេញ​អាច​បញ្ឈប់​ការ​ហូរ​ឈាម​តាម​ជើង​ធ្មេញ​ខណៈ​ពេល​ដែល​លុប​បំបាត់​ក្លិនស្អុយ​ដែល​អាច​កើត​ចេញ​ពី​ជំងឺ​អញ្ចាញ​ផ្សេងៗ។ លើស​ពី​នេះ​ទៅ​ទៀត ក្រូចឆ្មារ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​សម្អាត​ធ្មេញ​ផង​ដែរ។

៤. ជួយ​ថែទាំ​សក់

បើ​អ្នក​យក​ទឹក​ក្រូចឆ្មារ​មក​លាប​នៅ​លើ​ស្បែក​ក្បាល​របស់​អ្នក​ វា​អាច​ជួយ​ដោះស្រាយ​បញ្ហា​អង្គែ, ការ​ជ្រុះ​សក់​, ហើយ​និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​មាន​ទាក់ទង​នឹង​សក់​ជាមួយ​ស្បែក​ក្បាល។ អ្នក​ក៏​អាច​ប្រើ​វា​ដោយ​ផ្ទាល់​នៅ​លើ​សក់​របស់​អ្នក​បាន​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ភ្លឺ​រលោង។

៥. ជួយ​ថែរក្សា​ស្បែក

ទឹក​ក្រូចឆ្មារ​ដែល​ជា​ថ្នាំ​សម្លាប់​មេរោគ​ធម្មជាតិ​ក៏​អាច​ព្យាបាល​បញ្ហា​ទាក់ទង​ទៅ​នឹង​ស្បែក​ផង​ដែរ។ វា​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ ហើយ​វា​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ពី​ឃ្មុំ​ទិច​ផង​ដែរ។ វា​ក៏​ជួយ​ព្យាបាល​មុខ​មុន និង​ជំងឺ​ស្បែក​ដូច​គ្នា។​ វា​ដើរ​តួនាទី​ជា​ឱសថ​ប្រឆាំង​ភាព​ជ្រីវជ្រួញ​និង​មុន​ក្បាល​ខ្មៅ។ ផឹក​ទឹក​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​និង​ទឹក​ឃ្មុំ​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា និង​មាន​សុខភាព​ល្អ។

៦. ព្យាបាល​ការ​រលាក

ការ​ប្រើ​ទឹក​ក្រូចឆ្មារ​នៅ​លើ​កន្លែង​រលាក​ចាស់​ៗ​របស់​អ្នក​ វា​អាច​ជួយ​កាត់​បន្ថយ​ស្នាម​របួស​ ហើយ​ដោយ​សារ​វា​ជា​ភ្នាក់​ងារ​ដែល​ត្រជាក់​ វា​ជួយ​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ដោយ​សារ​ការ​រលាក​នៅ​លើ​ស្បែក​ផង​ដែរ។

៧. បញ្ឈប់​ការ​ហូរ​ឈាម​ច្រមុះ

អ្នក​អាច​យក​សំឡី​ទៅ​ជ្រលក់​ទឹក​ក្រូចឆ្មារ​ហើយ​ដាក់​វា​នៅ​ក្នុង​ច្រមុះ​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម។

៨. ជួយ​សម្រក់​ទម្ងន់

ប្រសិន​បើ​អ្នក​ផឹក​ទឹក​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ឌៗ​ និង​ទឹក​ឃ្មុំ​ វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឡើង​ទម្ងន់​បាន។

៩. ជួយ​សម្រាក​សាច់ដុំ​ជើង​របស់​អ្នក

ដោយ​សារ​តែ​ក្រូចឆ្មារ​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​រួម​ផ្សំ​ជាមួយ​ក្លិន​ឆ្ងុយ​របស់​វា អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​តានតឹង​និង​ការ​រោយជើង​ជាដើម។ អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ​លាយ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ឌ​ហើយ​ត្រាំ​ជើង​របស់​អ្នក​នៅ​ក្នុង​នោះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​ហើយ​ជួយ​សម្រួល​ដល់​សាច់ដុំ​ជើង​របស់​អ្នក​ផង​ដែរ។

១០. ព្យាបាល​រោគ​សន្លាក់​ឆ្អឹង​

វា​ក៏​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ផង​ដែរ ហើយ​អាច​ព្យាបាល​ឈឺ​សន្លាក់​ឆ្អឹង​ និង​រលាក​សន្លាក់​បាន។​ វា​ជួយ​សម្លាប់​បាក់តេរី និង​បញ្ចេញ​ជាតិពុល​ចេញ​ពី​រាង​កាយ​របស់​អ្នក​។


ប្រភព៖ organicfacts ប្រែ​សម្រួល៖ Sey