របៀបលាបក្រែមធម្មតាឱ្យមើលទៅស្ងួតនិងជាប់បាន១០ម៉ោង (តែមិនពិបាកសម្អាត!)
- 2017-12-15 18:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបលាបក្រែមធម្មតាឱ្យមើលទៅស្ងួតនិងជាប់បាន១០ម៉ោង (តែមិនពិបាកសម្អាត!)
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលចូលចិត្តប្រើក្រែមលាបមាត់ប្រភេទទឹកស្ងួតនិងជាប់បានយូរ, ថ្ងៃនេះខ្ញុំមានវិធីសាស្ត្រមួយយកមកចែករំលែកក្នុងការប្រើប្រភេទក្រែមធម្មតាលាបលើបបូរមាត់តែមើលទៅដូចជាប្រើក្រែមប្រភេទស្ងួតនិងជាប់បានយូរ។ ខ្ញុំស្រឡាញ់ការលាបក្រែមប្រភេទទឹកដែលលាបទៅស្ងួតតែបញ្ហាមួយគឺវាពិបាកនឹងជូតសម្អាត។ អញ្ចឹងខ្ញុំក៏បានរកឃើញវិធីងាយមួយនេះ, ហើយវាពិតជាល្អមែន! ជាប់បាន១០ម៉ោង, ពេលញ៉ាំអីមិនងាយរលុបទៅណាទេតែងាយសម្អាតចេញ។
ក្រែមដែលខ្ញុំប្រើជាប្រចាំគឺជាប្រភេទម៉ាក Mac ដែលមានពណ៌ឈ្មោះ “Satin Cherish A75” ។ ដោយសារតែពណ៌នេះពេលលាបនៅលើបបូរមានពណ៌ស្រាល អាចប្រើនៅពេលផាត់មុខស្រាលទៅគឺស៊ីគ្នា ដែលមានពណ៌ ស្លេកបន្តិច។ ដូចនេះខ្ញុំក៏លាបលាយជាមួយពណ៌មួយទៀតពីម៉ាក Mac ដូចគ្នាមានឈ្មោះថា “Matte Russian Red O6” ។
របៀបលាប៖
- ជាដំបូងមុនឈានដល់ការលាបក្រែមនៅបបូរមាត់ខ្ញុំចង់ឱ្យយោបល់ថាអ្នកគួរតែប្រើប្រភេទអំបិលសម្រាប់ដុះស្បែកមុខ (Face Scrub) ដុះនៅលើបបូរមាត់ជាមុនសិនដើម្បីជម្រុះចេញនូវស្បែកចាស់ៗដែលរបកនៅលើបបូរមាត់។ ធ្វើដូចនេះវានឹងជួយឱ្យបបូរមាត់យើងមើលទៅរលោងគ្មានស្បែករបកដែលធ្វើឱ្យរំខានដល់ការលាបក្រែម។
- ជំហានបន្ទាប់គឺខ្ញុំតែងតែប្រើឡេឬផលិតដែលជួយផ្ដល់ជាតិសំណើមដល់ស្បែកមុខលាបលើបបូរមាត់ដើម្បីផ្ដល់ជាតិសំណើមនិងធ្វើឱ្យស្បែកបបូរមាត់ទន់ល្អ។
- បន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមលាបក្រែមពណ៌ក្រហមដែលមានឈ្មោះថា “Matte Russian Red O6” នេះតិចៗឱ្យចេញពណ៌ក្រហមស្រាលៗនៅលើមាត់សិន។ ទើបខ្ញុំចាប់ផ្ដើមលាបក្រែមដែលមានពណ៌ឈ្មោះថា “Satin Cherish A75” ពីលើ។ អ្នកមិនចាំបាច់លាយដូចខ្ញុំក៏បាន គ្រាន់តែជ្រើសរើសពណ៌ដែលអ្នកចូលចិត្តទៅបានហើយ។
- បន្ទាប់ពីការលាបក្រែមនេះហើយវាមិនទាន់មើលទៅស្ងួតទេ។ ហើយនេះគឺជាវិធីដែលខ្ញុំចង់ប្រាប់! គឺពេលលាបក្រែមរួចរាល់អស់ហើយខ្ញុំប្រើម្សៅ "Transparent Finishing Powder” លាបទៅលើបបូរ។ ព្រោះតែម្សៅ "Transparent Finishing Powder” នេះគឺជាប្រភេទម្សៅការពារ Makeup ឬអាចនិយាយបានថាវាជួយកុំឱ្យ Makeup ប្រតាកលើមុខ។ ហើយពេលលាបទៅវាមិនធ្វើឱ្យជាប់ពណ៌សរដូចពណ៌ម្សៅនឹងទេ, តែវាគ្រាន់តែជួយធ្វើឱ្យក្រែមដែលលាបនៅលើមាត់ទៅជាស្ងួតនឹងរក្សាពណ៌បានយូរ។
តែវាទាមទាររយៈពេលប្រមាណ២ទៅ៣នាទីយ៉ាងយូរទម្រាំតែវាជាប់ល្អ។ ដូចនេះខ្ញុំអាចឆ្លៀតពេលធ្វើអ្វីផ្សេងៗដូចជាកៀបសក់ឬលាបឡេហើយទើបត្រលប់មកប្រើជក់ដើម្បីបោសជាតិម្សៅចេញពីបបូរមាត់ជាការរួចរាល់។
អត្ថបទ៖ Sin Sovannleakhena